Skip to main content

បើសិនឥទ្បូវនេះខ្លួនខ្ញុំជាកុមារវិញ តើខ្ញុំនៅរក្សាទម្លាប់បន្ទោសខ្លួនឯងដែរឬទេ?

ខ្លោងទ្វារសាលាបឋមសិក្សា
ដែលខ្ញុំបានរៀនកាលពី៣០ឆ្នាំមុន

នៅខែមុននេះ ខ្ញុំបានទៅសាលាបឋមសិក្សាដែលខ្ញុំបានរៀនកាលពី៣០ឆ្នាំមុន។ គ្រាន់តែឈានជើងហួសរបងសាលាភ្លាម អនុស្សាវរីយជាច្រើនបានត្រលប់មករកខ្ញុំវិញ ហាក់ដូចជាពួកវាមានក្តីនឹករលឹកដល់ខ្ញុំជាខ្លាំង បន្ទាប់ពីបែកគ្នាយ៉ាងយូរ។ ខ្ញុំឈរសម្លឹងទៅទីធ្លាសាលា ហើយនឹកឃើញដល់រូបខ្លួនឯងកាលពីកុមារកំពុងអង្គុយលេងដីខ្សាច់ជាមួយមិត្តភក្តិ។ យើងទ្បើងដើមស្វាយតូចមួយជាមួយគ្នា រត់ដេញប្រលែងគ្នាចុះទ្បើងលើជណ្តើរខាងមុខថ្នាក់រៀន ហើយយើងចែកនំចំណីដែលយើងចូលចិត្ត​ និងមានរឿងជាច្រើនទៀតដែលខ្ញុំបាននឹកឃើញ

ខ្ញុំនៅតែបន្តនឹកឃើញអនុស្សាវរីយកន្លងមក រួមទាំងរឿងរ៉ាវដែលលំបាកៗផងដែរ។ ខ្ញុំនៅចាំពេល ខ្ញុំអន់ចិត្ត ពេលគ្រូឲ្យពិន្ទុទាប ហើយខ្ញុំឆ្ងល់ថាហេតុអ្វីខ្ញុំមិនពូកែដូចគេ។ ខ្ញុំច្រណែននឹងមិត្តរួមថ្នាក់នៅពេលឃើញគេមានសម្ភារល្អៗដែលខ្ញុំគ្មាន។ ខ្ញុំរងរបួសរាងកាយ (មិនធ្ងន់ធ្ងរទេ) នៅពេលមានជម្លោះជាមួយសិស្សមាឌធំជាង ដួលនៅពេលរត់លឿនពេក ឬធ្លាក់នៅពេលទ្បើងកន្លែងខ្ពស់ពេកជាដើម។

ក្រោយពីនឹកឃើញនូវរឿងរ៉ាវលំបាកៗទាំងនោះ ខ្ញុំចាប់ផ្តើមមានចិត្តប្រតិកម្មភា្លមថា ខ្ញុំនឹងជួយការពារក្មេងប្រុសដែលជារូបខ្ញុំកាលពីក្មេងនោះ ឲ្យជៀសផុតពីក្តីឈឺចាប់ និងទុក្ខព្រួយទាំងទ្បាយ។ ខ្ញុំចង់ប្រាប់ក្មេងប្រុសនោះថា អ្វីៗនឹងមិនមានបញ្ហានោះទេ សូមកុំបារម្ភ ឬបន្ទោសខ្លួនឯងនៅពេលមានបញ្ហាកើតទ្បើង។ សូមធ្វើចិត្តឲ្យត្រជាក់ ហើយខ្ញុំជាអ្នករ៉ាប់រងការពារទាំងអស់។

ឥទ្បូវត្រលប់មករូបខ្ញុំនៅពេលបច្ចុប្បន្នវិញ ស្រាប់តែខ្ញុំនឹកឃើញនូវសំណួរមួយចំនួននេះទ្បើង៖ តើខ្ញុំនឹងការពារខ្លួនឯងឲ្យឆ្ងាយពីការឈឺចាប់ និងទុក្ខព្រួយដែរឬទេ? តើខ្ញុំនឹងមានចិត្តសណ្តោសប្រណីដល់ខ្លួនឯងដែរឬទេនៅពេលមានបញ្ហាកើតទ្បើង? តើខ្ញុំនឹងពេញចិត្តខ្លួនឯងឬទេនៅពេលអ្នកដទៃមើលមិនឃើញគុណតម្លៃរបស់ខ្ញុំ? ឬតើខ្ញុំនឹង យ៉ាងហោចណាស់ជូនឲ្យខ្លួនមានក្តីរីករាយ និងសេចក្តីស្ងប់ដែរឬទេ?

ក្រោយពីសួរខ្លួនឯងរួច ខ្ញុំក៏ញញឹម ហើយឆ្លើយតបថា៖ ខ្ញុំនឹងការពារខ្លួនឯងពីទុក្ខសោក និងការឈឺចាប់ មើលថែខ្លួនឯង និងផ្តល់សេចក្តីរីករាយ និងភាពស្ងប់សុខដល់ខ្លួនឯង។

ទិដ្ឋភាពខាងលើគឺជាការអនុវត្តការផ្តល់ចិត្តករុណាដល់ខ្លួនឯង ដែលជាលំហាត់មួយខ្ញុំបានធ្វើក្នុងវគ្គសិក្សារយៈពេល៨សប្តាហ៍ស្តីអំពីការបំផុសចិត្តករុណា ដែលរៀបរៀងដោយសកលវិទ្យាល័យស្តេនហ្វដ។ គោលបំណងនៃលំហាត់នេះគឺចង់ឲ្យសិស្ស ចេះមើលថែរខ្លួនឯង ផ្តល់ក្តីមេត្តា ក្តីស្រទ្បាញ់ និងករុណាដល់ខ្លួនឯង ជាជាងបន្ទោសខ្លួនឯងនៅក្នុងគ្រាលំបាក។

ប្រការនេះវាដូចនឹងពេលដែលយើងព្យាយាមជួយទៅដល់មនុស្សជាទីស្រទ្បាញ់ មិត្តភក្តិរបស់យើង ឬជួយរូបយើងផ្ទាល់កាលនៅវ័យកុមារ ជាវ័យដែលយើងភាគច្រើនពេញចិត្ត។ សំណួរសួរថាតើអ្នកស្តីបន្ទោស និងធ្វើឲ្យពួកគេកាន់តែលំបាកទេនៅពេលពួកគេកំពុងជួបបញ្ហា? ចម្លើយប្រាកដជាអ្នកមិនធ្វើអញ្ចឹងទេ! ផ្ទុយទៅវិញ អ្នកផ្តល់នូវក្តីមេត្តា អាណិតអាសូរដល់ពួកគេ ប្រើពាក្យល្អៗលួងលោម។ ដូចគ្នានេះដែរ ខ្លួនអ្នកក៏សមនឹងទទួលនូវក្តីស្រទ្បាញ់ ក្តីមេត្តា និងការគាំទ្រយ៉ាងហោចណាស់ពីខ្លួនអ្នកផ្ទាល់ បើពុំមានអ្នកដទៃផ្តល់ឲ្យ។

បច្ចេកទេសនេះអាចយកមកអនុវត្តដោយបិទភ្នែកសមាធិ ឬអនុវត្តនៅក្នុងជីវភាពប្រចាំថ្ងៃផងដែរ។ វិធីនេះអាចជួយបញ្ឈប់សំទ្បេងនៅក្នុងខួរក្បាល ឬក្នុងខ្លួនអ្នក ដែលសំទ្បេងនេះភាគច្រើនតែងតែរិះគន់ខ្លួនអ្នកផ្ទាល់ និងគ្មានក្តីមេត្តាដល់អ្នកទ្បើយ។ ដូច្នេះនៅពេលណាដែលអ្នកមានអារម្មណ៍ថាខ្លួនកំពុងធ្វើបាបខ្លួនឯង ឬរិះគន់ខ្លួនឯង សូមទន្ទេញពាក្យទាំងនេះនៅក្នុងចិត្ត ឬនិយាយចេញមកក្រៅតិចៗថា៖

សូមឲ្យខ្ញុំរីករាយ សប្បាយចិត្ត
សូមឲ្យខ្ញុំចាកផុតទុក្ខ និងភាពភ័យខ្លាច
សូមឲ្យខ្ញុំជួបនូវក្តីស្ងប់ និងអំណរ
សូមឲ្យខ្ញុំពេញចិត្តនឹងភាពជាខ្លួនខ្ញុំផ្ទាល់
[សូមឲ្យខ្ញុំ…(សូមដាក់នូវឃ្លានៃរឿងល្អៗ និងវិជ្ជមានដែលអ្នកប្រាថ្នា)

Comments

Popular posts from this blog

Why it took me so long to accept meditation?

Mountain-carved Buddha statue in Phnom Sampov,  Battambang  Having born in a Buddhism country, Cambodia does not make me meditate by default. Meditation is one of the core practices of Buddhists; however, many Cambodians, including me instead, are culturally bound to religious rituals. The practice is primarily for devout monks, practitioners and scholars. Throughout my education from primary to undergraduate schools here, I never encountered any mediation teachings, not even once. That makes sense because I was not learning in Buddhist monasteries anyway! But socially, there is a belief that mediation is only practiced by those who scarify their lives to pursue a religious path. This thought alone kept me away from trying it. I have no doubts about the benefits of meditation. It positively impacts our mental and physical health. Thousands of scientific studies have supported that. Though knowing this in my head could not push me to sit down, close my eyes and focus on my brea...

ទិដ្ឋភាពនឹកស្មានមិនដល់!

ម៉ោង៥ទាបភ្លឺ មេឃនៅងងឹតនៅទ្បើយ។ ពូប៊ុនលី ភ្ញាក់ពីដំណេកនៅពេលនាទ្បិការោទ៍។ គាត់ប្រះខ្នងដេកទៅវិញ ដោយគាត់ដូចជានៅងងុយនៅទ្បើយ។  “ផាំង!” សំទ្បេងលាន់ឮខ្លាំងអមដោយពន្លឺចែងចាំងមួយប៉ប្រិចភ្នែក បានធ្វើឲ្យគាត់លោតចុះពីលើគ្រែ រួចរត់សំដៅបង្អួច។ “អូ! សំទ្បេងផ្គរ និងពន្លឺផ្លេកបន្ទោរទេតើ! ភ្លៀង!” គាត់ស្រែកហាក់ដូចជាភ្ញាក់ផ្អើល។ “តើខ្ញុំចេញទៅរត់ហាត់ប្រាណយ៉ាងម៉េចហ្នឹងកើតទៅ?” ពូប៊ុនលី កំពុងសម្រាកលំហែកាយនៅមាត់សមុទ្រ ហើយមានគម្រោងរត់ហាត់ប្រាណនៅតាមឆ្នេរនៅពេលព្រលឹមស្រាងៗ។ វាគឺជាសកម្មភាពដែលគាត់ចូលចិត្តបំផុត ហើយមិនអាចខកខានបាន។ “អញ្ចឹងមានន័យថាខ្ញុំមិនអាចរត់បាន?” គាត់សួរខ្លួនឯង។ “ចុះបើខ្ញុំរត់ ខ្ញុំពិតជាទទឹកខ្លួនជោក ហើយទូរស័ព្ទក៏អាចខូច ព្រោះខ្ញុំតែងស្តាប់ចម្រៀងពេលរត់។ ស្រួលមិនស្រួលអាចរន្ទះបាញ់ទៀតក៏មិនដឹង!” គាត់ដើរទៅដើរមករអ៊ូតែម្នាក់ឯង។ ពីរបីនាទីក្រោយមក គាត់ទំនងជាមានដំណោះស្រោយ។ គាត់ពាក់អាវភ្លៀងដែលគ្របពីក្បាលរហូតដល់ជង្គង់។ គាត់ដូរស្បែកជើងកីទ្បាជាទីស្រទ្បាញ់របស់គាត់ ទៅពាក់ស្បែកជើងផ្ទាត់ ដែលអាចដោះចោលនៅឆ្នេរខ្សាច់ ហើយរត់ជើងទទេ។ គាត់ក៏កំណត់ទូរស័ព្ទដាក់ “Fly Mode” ដើម្បីកុំឲ្យមានសេវា ដែលអាចស្រូបរន្ទះ ហើយគាត់ក៏...