Skip to main content

អាណិតគេច្រើនពេក អាចធ្វើឲ្យខ្លូនមានទុក្ខ! ផ្តល់ករុណាឲ្យគេវិញ ទើបនាំមកនូវសេចក្តីសុខ!

កន្លែងធ្វើការងារមួយចំនួនបានបិទទ្វារ បុគ្គលិកបាត់បង់ប្រាក់ចំណូល។
ចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ ១៩មក ខ្ញុំបានធ្វើដំណើរទៅច្រើនកន្លែងនៅក្នុងប្រទេស។ ទោះជាប្រទេស កម្ពុជាពុំមានការឆ្លងនៅក្នុងសហគមន៍ និងពុំមានមនុស្សស្លាប់ដោយសារជំងឺនេះក្តី ក៏យើងឃើញយ៉ាងច្បាស់នូវផលប៉ះពាល់របស់វាមកលើជីវភាពប្រជាពលរដ្ឋ។ 

ចំណូលរបស់ពួកគាត់ធ្លាក់ចុះ ឬបាត់បង់ដោយសារមុខរបរទទួលទានលែងមានដំណើរការ និងកន្លែងការងារត្រូវបានបិទទ្វារ។ ថវិកាសម្រាប់ជួលផ្ទះ ឬផ្គត់ផ្គង់ម្ហូបអាហារ ថ្នាំសង្កូវនៅពេលឈឺថ្កាត់ មានកាន់ តែតិចទៅៗ ហើយសមាជិកគ្រួសារនីមួយៗ ជាពិសេសកូនៗរបស់ពួកគាត់ ត្រូវរស់នៅយ៉ាងរឹតត្បិត។ ពួកគាត់មិនអាចស្ថិតនៅក្នុងស្ថានភាពបែបនេះបានយូរទៀតបានទេ! 

ទាំងអស់នេះគឺជាសម្តីរបស់ប្រជាពលរដ្ឋមួយចំនួនដែលខ្ញុំបានជួបសន្ទនានៅតាមបណ្តាខេត្ត/ក្រុងមួយចំនួនកន្លងមក។ ការគិតពីសុខទុក្ខរបស់ពួកគាត់ជាពិសេសកូនៗគាត់ និងមនុស្សចាស់ បានធ្វើឲ្យខ្ញុំពិបាកចិត្តយ៉ាងខ្លាំង។ ខ្ញុំបារម្ភពីរឿងមួយទៅរឿងមួយទៀត មិនអស់មិនហើយ ដែលធ្វើឲ្យចិត្តខ្ញុំកាន់តែស្មុគ្រស្មាញ លែងសប្បាយចិត្ត និងមានអារម្មណ៍នឿយណាយ។

ទុក្ខព្រួយ និងភាពនឿយហត់ចិត្តរបស់ខ្ញុំនេះ បើតាមអ្នកស្រាវជ្រាវផ្នែកខួរក្បាល និងចិត្តសាស្រ្ត វាគឺជាស្ថានភាពនឿយណាយដែលបង្កដោយការមានចិត្តអាណិតអាសូរដល់អ្នកដទៃច្រើនពេក។ វាជាអារម្មណ៍ដែលយើងយល់ ឬដឹងពីការឈឺចាប់របស់អ្នកដទៃដែលកំពុងរងទុក្ខ។ យើងហាក់ដូចជាទទួលនូវបទពិសោធនៃទុក្ខនោះមកលើខ្លួនឯង ដោយសារយើងមានអារម្មណ៍ភ្ជាប់ និងផ្តល់ការយកចិត្តទុកដាក់ទៅនឹងអ្នកដទៃនោះ។

ស្ថានភាពនៃចិត្តអាណិតអាសូរច្រើនបែបនេះ គឺធ្វើឲ្យយើងក្លាយជាអ្នករងទុក្ខម្នាក់ទៀត បន្ថែមលើអ្នកដែលយើងកំពុងតែអាណិតគេនោះ។ ជាពិសេសយើងក៏មិនបានជួយឲ្យមនុស្សនោះលែងរងទុក្ខ ឬជួយសម្រាលការឈឺចាប់របស់គេអ្វីទ្បើយ! ប៉ុន្តែក្រៅពីមានចិត្តអាណិតអាសូរ តើយើងអាចធ្វើអ្វីបាន?

ឆ្លើយតបនឹងសំណួរនេះ អ្នកស្រាវជ្រាវផ្នែកខួរក្បាល និងចិត្តសាស្រ្ត ស្នើឲ្យយើងប្តូរពីចិត្តអណិតអាសូរ មកចិត្តករុណាវិញ។ នេះមានន័យថាក្រៅពីចិត្តអាណិតអាសូរ យើងត្រូវបន្ថែមនូវសកម្មភាព ឬយ៉ាងហោចណាស់សកម្មភាពចិត្ត ដើម្បីទៅជួយរំលែកនូវទុក្ខវេទនានោះ។ និយាយឲ្យខ្លីគឺ ចិត្តករុណា= ចិត្តអាណិតអាសូរ + សកម្មភាពជួយរំលែកទុក្ខ។ នៅពេលដែលយើងមានចិត្តករុណា យើងលែងមានអារម្មណ៍នឿយណាយ និងក្លាយខ្លួនជាជនរងទុក្ខម្នាក់ផ្សេងទៀតហើយ ប៉ុន្តែយើងបែរជាមានកម្លាំងចិត្ត និងមានថាមពលដើម្បីធ្វើការងារសង្រ្គោះដល់អ្នកកំពុងរងទុក្ខ។ កត្តាដែលជំរុញទឹកចិត្តយើងគឺសេចក្តីសុខផ្លូវចិត្ត នៅពេលឃើញអ្នកដែលយើងជួយ លែង ឬបានធូរស្បើយពីការឈឺចាប់។  

សម្រាប់ពុទ្ធសាសនិកជនដែលបដិបត្តិខ្ជាប់ខ្ជួន ការផ្តល់ចិត្តករុណាគឺជាការអនុវត្តជាប្រចាំទាំងក្នុងសមាធិ និងជីវភាពប្រចាំថ្ងៃ មិនថាចំពោះមនុស្សដែលខ្លួនស្រទ្បាញ់ មនុស្សខ្លួនស្អប់ មនុស្សមិនសូវស្គាល់ ឬមនុស្សទូទៅទ្បើយ។ វិធីសមាធិផ្តល់ករុណាដល់អ្នកដទៃគឺ អ្នកបដិបត្តិដំបូងគិតទៅដល់មនុស្សដែលកំពុងជួបទុក្ខ រួចគិតទៅដល់ចេតនារបស់ខ្លួនក្នុងការចង់ជួយសម្រាលនូវក្តីឈឺចាប់នោះ។ បន្ទាប់បំប្លែងចេតនានោះឲ្យទៅជាពាក្យសម្តី រួចគិតស្ងាត់ៗក្នុងចិត្តថា៖

សូមឲ្យអ្នករួចចាកផុតទុក្ខ (ភាពអត់ឃ្លាន ភាពក្រីក្រ ជំងឺឈឺថ្កាត់…)
សូមឲ្យអ្នករួចចាកពីភាពភ័យខ្លាច (ពីគ្រោះថ្នាក់ ពីការបៀតបៀន
…)
សូមឲ្យអ្នកស្គាល់នូវក្តីរីករាយ និងសេចក្តីសុខ

ការធ្វើសមាធិ ឬការគិតបែបនេះ ជាការពិតណាស់វាមិនអាចជួយអ្វីភ្លាមៗដល់អ្នកកំពុងរងទុក្ខនោះទេ ។ ប៉ុន្តែប្រាកដណាស់ វាអាចជួយដល់ចិត្តអ្នកបដិបត្តិមិនឲ្យធ្លាក់ទៅក្នុងភាពនឿយណាយ ដែលបង្កដោយចិត្តអាណិតអាសូរលើសលប់ដល់អ្នកដទៃ។ អ្វីដែលសំខាន់ក្រោយមកទៀតនោះ គឺការពង្រឹងចិត្តករុណាក្នុងពេលសមាធិ ក៏បានពង្រឹងចិត្តករុណានៅក្នុងជីវភាពប្រចាំថ្ងៃផងដែរ ដែលជាកត្តាជំរុញចិត្តអ្នកបដិបត្តិឲ្យជួយសម្រាលការឈឺចាប់ដល់អ្នកដទៃដែលកំពុងរងទុក្ខទៅតាមលទ្ធភាពរបស់ខ្លួន។

សម្រាប់ខ្ញុំវិញ ការធ្វើសមាធិផ្តល់ចិត្តករុណានេះ បានជួយពង្រឹងចិត្តឲ្យរឹងម៉ាំជាងមុន ដោយផ្តោតលើសកម្មភាពដែលជួយអ្នករងទុក្ខបាន ជាជាងធ្វើបាបចិត្តខ្លួនឯងបន្ថែម​ ឬគិតតែពីបញ្ហាមួយមុខ។ ខ្ញុំផ្តោតទៅលើការបំពេញការងារបច្ចុប្បន្នរបស់ខ្ញុំ ដែលជាការងារជួយគាំទ្រដល់ប្រជាពលរដ្ឋ ជាពិសេសកុមារ។ ខ្ញុំផ្តល់ជាទាន ឬជាគំនិតដល់អ្នកកំពុងរងទុក្ខដែលខ្ញុំបានជួបក្នុងជីវភាពប្រចាំថ្ងៃ។ សកម្មភាពទាំងនេះ ជួយឲ្យខ្ញុំប្រែក្លាយភាពនឿយណាយចិត្ត ទៅជាកម្លាំងចិត្តសង្រ្គោះ។

Comments

Popular posts from this blog

ទិដ្ឋភាពនឹកស្មានមិនដល់!

ម៉ោង៥ទាបភ្លឺ មេឃនៅងងឹតនៅទ្បើយ។ ពូប៊ុនលី ភ្ញាក់ពីដំណេកនៅពេលនាទ្បិការោទ៍។ គាត់ប្រះខ្នងដេកទៅវិញ ដោយគាត់ដូចជានៅងងុយនៅទ្បើយ។  “ផាំង!” សំទ្បេងលាន់ឮខ្លាំងអមដោយពន្លឺចែងចាំងមួយប៉ប្រិចភ្នែក បានធ្វើឲ្យគាត់លោតចុះពីលើគ្រែ រួចរត់សំដៅបង្អួច។ “អូ! សំទ្បេងផ្គរ និងពន្លឺផ្លេកបន្ទោរទេតើ! ភ្លៀង!” គាត់ស្រែកហាក់ដូចជាភ្ញាក់ផ្អើល។ “តើខ្ញុំចេញទៅរត់ហាត់ប្រាណយ៉ាងម៉េចហ្នឹងកើតទៅ?” ពូប៊ុនលី កំពុងសម្រាកលំហែកាយនៅមាត់សមុទ្រ ហើយមានគម្រោងរត់ហាត់ប្រាណនៅតាមឆ្នេរនៅពេលព្រលឹមស្រាងៗ។ វាគឺជាសកម្មភាពដែលគាត់ចូលចិត្តបំផុត ហើយមិនអាចខកខានបាន។ “អញ្ចឹងមានន័យថាខ្ញុំមិនអាចរត់បាន?” គាត់សួរខ្លួនឯង។ “ចុះបើខ្ញុំរត់ ខ្ញុំពិតជាទទឹកខ្លួនជោក ហើយទូរស័ព្ទក៏អាចខូច ព្រោះខ្ញុំតែងស្តាប់ចម្រៀងពេលរត់។ ស្រួលមិនស្រួលអាចរន្ទះបាញ់ទៀតក៏មិនដឹង!” គាត់ដើរទៅដើរមករអ៊ូតែម្នាក់ឯង។ ពីរបីនាទីក្រោយមក គាត់ទំនងជាមានដំណោះស្រោយ។ គាត់ពាក់អាវភ្លៀងដែលគ្របពីក្បាលរហូតដល់ជង្គង់។ គាត់ដូរស្បែកជើងកីទ្បាជាទីស្រទ្បាញ់របស់គាត់ ទៅពាក់ស្បែកជើងផ្ទាត់ ដែលអាចដោះចោលនៅឆ្នេរខ្សាច់ ហើយរត់ជើងទទេ។ គាត់ក៏កំណត់ទូរស័ព្ទដាក់ “Fly Mode” ដើម្បីកុំឲ្យមានសេវា ដែលអាចស្រូបរន្ទះ ហើយគាត់ក៏...

Too much empathy for others could lead to despair. Compassion is the answer!

Some workplaces closed their doors and staff lost their income. Since Covid-19 pandemic started, I have travelled to many places in the countries. I have talked to some people about their livelihoods. Although Cambodia has not experienced community transmission of the disease, it is obvious to witness economical impacts on people’s lives. Their income is decreased or taken away when their businesses go slower, and their workplaces are closed. This means less money for rent, food and medical care. Each family member in particular children needs to limit their basic needs. They could be in such a situation for longer!  Those were the words I heard during my conversations with them. Thinking about their wellbeings afterwards makes me overwhelmed. I kept worrying about from one thing to another, especially about affected children and elders, which made me sad and exhausted. My sadness and exhaustion, according to neuroscientists and psychologists, could be an “empathy fatigue”. It is m...