កន្លែងធ្វើការងារមួយចំនួនបានបិទទ្វារ បុគ្គលិកបាត់បង់ប្រាក់ចំណូល។ |
ចំណូលរបស់ពួកគាត់ធ្លាក់ចុះ ឬបាត់បង់ដោយសារមុខរបរទទួលទានលែងមានដំណើរការ និងកន្លែងការងារត្រូវបានបិទទ្វារ។
ថវិកាសម្រាប់ជួលផ្ទះ ឬផ្គត់ផ្គង់ម្ហូបអាហារ ថ្នាំសង្កូវនៅពេលឈឺថ្កាត់ មានកាន់ តែតិចទៅៗ
ហើយសមាជិកគ្រួសារនីមួយៗ ជាពិសេសកូនៗរបស់ពួកគាត់ ត្រូវរស់នៅយ៉ាងរឹតត្បិត។ ពួកគាត់មិនអាចស្ថិតនៅក្នុងស្ថានភាពបែបនេះបានយូរទៀតបានទេ!
ទាំងអស់នេះគឺជាសម្តីរបស់ប្រជាពលរដ្ឋមួយចំនួនដែលខ្ញុំបានជួបសន្ទនានៅតាមបណ្តាខេត្ត/ក្រុងមួយចំនួនកន្លងមក។ ការគិតពីសុខទុក្ខរបស់ពួកគាត់ជាពិសេសកូនៗគាត់
និងមនុស្សចាស់ បានធ្វើឲ្យខ្ញុំពិបាកចិត្តយ៉ាងខ្លាំង។ ខ្ញុំបារម្ភពីរឿងមួយទៅរឿងមួយទៀត
មិនអស់មិនហើយ ដែលធ្វើឲ្យចិត្តខ្ញុំកាន់តែស្មុគ្រស្មាញ លែងសប្បាយចិត្ត និងមានអារម្មណ៍នឿយណាយ។
ទុក្ខព្រួយ និងភាពនឿយហត់ចិត្តរបស់ខ្ញុំនេះ បើតាមអ្នកស្រាវជ្រាវផ្នែកខួរក្បាល និងចិត្តសាស្រ្ត
វាគឺជាស្ថានភាពនឿយណាយដែលបង្កដោយការមានចិត្តអាណិតអាសូរដល់អ្នកដទៃច្រើនពេក។ វាជាអារម្មណ៍ដែលយើងយល់
ឬដឹងពីការឈឺចាប់របស់អ្នកដទៃដែលកំពុងរងទុក្ខ។ យើងហាក់ដូចជាទទួលនូវបទពិសោធនៃទុក្ខនោះមកលើខ្លួនឯង
ដោយសារយើងមានអារម្មណ៍ភ្ជាប់ និងផ្តល់ការយកចិត្តទុកដាក់ទៅនឹងអ្នកដទៃនោះ។
ស្ថានភាពនៃចិត្តអាណិតអាសូរច្រើនបែបនេះ គឺធ្វើឲ្យយើងក្លាយជាអ្នករងទុក្ខម្នាក់ទៀត
បន្ថែមលើអ្នកដែលយើងកំពុងតែអាណិតគេនោះ។ ជាពិសេសយើងក៏មិនបានជួយឲ្យមនុស្សនោះលែងរងទុក្ខ
ឬជួយសម្រាលការឈឺចាប់របស់គេអ្វីទ្បើយ! ប៉ុន្តែក្រៅពីមានចិត្តអាណិតអាសូរ តើយើងអាចធ្វើអ្វីបាន?
ឆ្លើយតបនឹងសំណួរនេះ អ្នកស្រាវជ្រាវផ្នែកខួរក្បាល និងចិត្តសាស្រ្ត ស្នើឲ្យយើងប្តូរពីចិត្តអណិតអាសូរ
មកចិត្តករុណាវិញ។ នេះមានន័យថាក្រៅពីចិត្តអាណិតអាសូរ យើងត្រូវបន្ថែមនូវសកម្មភាព ឬយ៉ាងហោចណាស់សកម្មភាពចិត្ត
ដើម្បីទៅជួយរំលែកនូវទុក្ខវេទនានោះ។ និយាយឲ្យខ្លីគឺ ចិត្តករុណា= ចិត្តអាណិតអាសូរ +
សកម្មភាពជួយរំលែកទុក្ខ។
នៅពេលដែលយើងមានចិត្តករុណា យើងលែងមានអារម្មណ៍នឿយណាយ និងក្លាយខ្លួនជាជនរងទុក្ខម្នាក់ផ្សេងទៀតហើយ
ប៉ុន្តែយើងបែរជាមានកម្លាំងចិត្ត និងមានថាមពលដើម្បីធ្វើការងារសង្រ្គោះដល់អ្នកកំពុងរងទុក្ខ។
កត្តាដែលជំរុញទឹកចិត្តយើងគឺសេចក្តីសុខផ្លូវចិត្ត នៅពេលឃើញអ្នកដែលយើងជួយ លែង ឬបានធូរស្បើយពីការឈឺចាប់។
សម្រាប់ពុទ្ធសាសនិកជនដែលបដិបត្តិខ្ជាប់ខ្ជួន ការផ្តល់ចិត្តករុណាគឺជាការអនុវត្តជាប្រចាំទាំងក្នុងសមាធិ
និងជីវភាពប្រចាំថ្ងៃ មិនថាចំពោះមនុស្សដែលខ្លួនស្រទ្បាញ់ មនុស្សខ្លួនស្អប់ មនុស្សមិនសូវស្គាល់
ឬមនុស្សទូទៅទ្បើយ។ វិធីសមាធិផ្តល់ករុណាដល់អ្នកដទៃគឺ អ្នកបដិបត្តិដំបូងគិតទៅដល់មនុស្សដែលកំពុងជួបទុក្ខ
រួចគិតទៅដល់ចេតនារបស់ខ្លួនក្នុងការចង់ជួយសម្រាលនូវក្តីឈឺចាប់នោះ។ បន្ទាប់បំប្លែងចេតនានោះឲ្យទៅជាពាក្យសម្តី
រួចគិតស្ងាត់ៗក្នុងចិត្តថា៖
សូមឲ្យអ្នករួចចាកផុតទុក្ខ (ភាពអត់ឃ្លាន ភាពក្រីក្រ ជំងឺឈឺថ្កាត់…)
សូមឲ្យអ្នករួចចាកពីភាពភ័យខ្លាច (ពីគ្រោះថ្នាក់ ពីការបៀតបៀន…)
សូមឲ្យអ្នកស្គាល់នូវក្តីរីករាយ និងសេចក្តីសុខ…
ការធ្វើសមាធិ ឬការគិតបែបនេះ ជាការពិតណាស់វាមិនអាចជួយអ្វីភ្លាមៗដល់អ្នកកំពុងរងទុក្ខនោះទេ
។ ប៉ុន្តែប្រាកដណាស់ វាអាចជួយដល់ចិត្តអ្នកបដិបត្តិមិនឲ្យធ្លាក់ទៅក្នុងភាពនឿយណាយ ដែលបង្កដោយចិត្តអាណិតអាសូរលើសលប់ដល់អ្នកដទៃ។
អ្វីដែលសំខាន់ក្រោយមកទៀតនោះ គឺការពង្រឹងចិត្តករុណាក្នុងពេលសមាធិ ក៏បានពង្រឹងចិត្តករុណានៅក្នុងជីវភាពប្រចាំថ្ងៃផងដែរ
ដែលជាកត្តាជំរុញចិត្តអ្នកបដិបត្តិឲ្យជួយសម្រាលការឈឺចាប់ដល់អ្នកដទៃដែលកំពុងរងទុក្ខទៅតាមលទ្ធភាពរបស់ខ្លួន។
សម្រាប់ខ្ញុំវិញ ការធ្វើសមាធិផ្តល់ចិត្តករុណានេះ បានជួយពង្រឹងចិត្តឲ្យរឹងម៉ាំជាងមុន ដោយផ្តោតលើសកម្មភាពដែលជួយអ្នករងទុក្ខបាន ជាជាងធ្វើបាបចិត្តខ្លួនឯងបន្ថែម ឬគិតតែពីបញ្ហាមួយមុខ។ ខ្ញុំផ្តោតទៅលើការបំពេញការងារបច្ចុប្បន្នរបស់ខ្ញុំ ដែលជាការងារជួយគាំទ្រដល់ប្រជាពលរដ្ឋ ជាពិសេសកុមារ។ ខ្ញុំផ្តល់ជាទាន ឬជាគំនិតដល់អ្នកកំពុងរងទុក្ខដែលខ្ញុំបានជួបក្នុងជីវភាពប្រចាំថ្ងៃ។ សកម្មភាពទាំងនេះ ជួយឲ្យខ្ញុំប្រែក្លាយភាពនឿយណាយចិត្ត ទៅជាកម្លាំងចិត្តសង្រ្គោះ។
Comments