បដិមាព្រះពុទ្ធនៅភ្នំសំពៅ ខេត្តបាត់ដំបង ការចាប់កំណើតនៅក្នុងប្រទេសកាន់ព្រះពុទ្ធសាសនាគឺប្រទេសកម្ពុជា មិនបានបណ្តាលឲ្យខ្ញុំចាប់យកសមាធិមកអនុវត្តដោយស្វ័យប្រវត្តិនោះទេ។ សមាធិ គឺជាការបដិបត្តិមួយដ៏ចម្បងសម្រាប់ពុទ្ធសាសនិកជន ប៉ុន្តែប្រជាពលរដ្ឋកម្ពុជាភាគច្រើនរួមទាំងខ្ញុំផងដែរ ច្រើនតែគោរពទៅតាមវប្បធម៌តពីដូនតាមក ដោយប្រារព្ធពិធីបែបសាសនាច្រើនជាង។ ការបដិបត្តិសមាធិជាទូទៅ គឺសម្រាប់តែព្រះសង្ឃ អ្នកប្រកាន់ខ្ជាប់ និងអ្នកសិក្សាអំពីសាសនាប៉ុណ្ណោះ។ ជាបទពិសោធ ចាប់ពីខ្ញុំបានសិក្សាពីថ្នាក់បឋមសិក្សា រហូតដល់សកលវិទ្យាល័យនៅក្នុងប្រទេសកម្ពុជា ខ្ញុំពុំដែលបានរៀនអំពីការធ្វើសមាធិម្តងណាទ្បើយ។ កត្តានេះសមហេតុសមផល ពីព្រោះខ្ញុំក៏មិនដែលបានរៀននៅតាមវត្តដែរ! ប៉ុន្តែជាទូទៅនៅក្នុងសង្គម គេតែងតែជឿថាសមាធិ គឺសម្រាប់តែអ្នកទាំងទ្បាយណាដែលលះបង់ជីវិតរបស់ពួកគេ ដើម្បីស្វែងរកផ្លូវជីវិតមួយតាមបែបសាសនាប៉ុណ្ណោះ។ គំនិតបែបនេះ បានបង្អាក់ចិត្តខ្ញុំមិនឲ្យសូម្បីតែសាកល្បងសមាធិ។ ជាទូទៅ ខ្ញុំមិនដែលមានមន្ទិលសង្ស័យទៅលើអត្ថប្រយោជន៍នៃសមាធិទេ។ សមាធិបានផ្តល់ផលវិជ្ជមានទាំងទៅលើសុខភាពផ្លូវចិត្ត និងផ្លូវកាយ។ ការសិក្សាបែបវិទ្យាសាស្រ្តរាប់ពាន់បានគាំទ្រនូវផលល្អនៃសមាធិនេះ។ ប...