Skip to main content

បទពិសោធពូប៊ុនលី ពេលជិតផុតដង្ហើម!

នៅថ្ងៃដ៏សែនក្តៅមួយក្នុងឆ្នាំ២០១៦ ពូប៊ុនលីបានទៅលេងបាល់ទាត់ជាមួយមិត្តភក្តិ។ ពួកគេទាំងអស់មានគ្នា១២នាក់ ហើយត្រូវបែងចែកជាពីរក្រុម គឺក្រុមឯកសណ្ឋានពណ៌ប្រផេះ និងពណ៌ក្រហម។ ពូប៊ុនលី ស្ថិតនៅក្រុមពណ៌ក្រហម ជាពណ៌ដែលគាត់ពេញចិត្ត។
ការប្រកួតបានចាប់ផ្តើម! គ្រប់គ្នារត់ទៅវិញទៅមក ទាត់បាល់ទៅមុខទៅក្រោយ ទៅតាមតួនាទីលេងរៀងៗខ្លួន។ ពេលខ្លះមានសំទ្បេងហ៊ោកញ្រ្ជៀវពេលមានអ្នកណាម្នាក់ស៊ុតបញ្ចូលទី។ ពូប៊ុនលី​លេងជាខ្សែប្រយុទ្ធ។
រំពេចនោះស្រាប់តែគាត់បែរជាឈរធ្មឹង។ គាត់សង្កេតឃើញថា ការប្រកួតនិងបរិវេណជុំវិញតារាងបាល់ ហាក់ដូចជាស្ងាត់ជ្រងំ។ គាត់ក៏ដើរយឺតៗចេញពីតារាង ហើយមិត្តរួមក្រុមខ្លះក៏បានដើរតាមពីក្រោយ។
“ប៊ុនលី ឯងអត់អីទេ? ឯងកើតអី?” ពួកគេសួរ។
ពូប៊ុនលី ដកដង្ហើមកាន់តែលឿន ហើយមិនបានឆ្លើយតបទ្បើយ។ គាត់ដើរចុះដើរទ្បើង ដោយងើយក្បាលទ្បើងលើ។
“ខ្ញុំអត់អីទេ នាំគ្នាទៅលេងវិញចុះ ខ្ញុំគ្រាន់តែចង់សម្រាកបន្តិច។” គាត់តបវិញ។
មិត្តគាត់ក៏បានត្រលប់ទៅវិញអស់។ ឥទ្បូវនេះ ពូប៊ុនលីនៅតែម្នាក់ឯង! គាត់ថប់ដង្ហើម ហើយចង់ឲ្យអ្នកណាម្នាក់មកជួយ។ ប៉ុន្តែគាត់ស្រែកទៅរកមិត្តភក្តិវិញមិនចេញទ្បើយ។ ដូចមនុស្សទូទៅដែរ ក្នុងស្ថានភាពបែបនេះ គាត់នឹកដល់ម្តាយ តែគាត់ក៏នឹកឃើញថាម្តាយគាត់មិននៅក្បែរនោះទេ។ គាត់ងើយមើលទៅមេឃ ហើយគិតទៅដល់ទេវតា ដែលគ្រប់គ្នាតែងយល់ថាមានបារមីអាចជួយដល់មនុស្សកំពុងជួបគ្រោះអាសន្ន។ 
“ទេវតា! ខ្ញុំមិនទាន់ចង់ទៅទ្បើយ! ខ្ញុំនៅមានការងារជាច្រើនទៀតត្រូវធ្វើ។” គាត់និយាយខ្សាវៗ។ គាត់ដកដង្ហើមកាន់តែញាប់ទ្បើងៗតាមច្រមុះផងនិងមាត់ផង។  
“ទេវតា! យ៉ាងហោចណាស់ ក៏ទុកពេលឲ្យខ្ញុំលាប្រពន្ធនិងកូនប្រុសខ្ញុំសិនដែរ!។” គាត់និយាយខ្សឹបៗ។​
និយាយចប់ ពូប៊ុនលីចាប់ផ្តើមងើបឈរទ្បើង ដើរសំដៅទៅរកដើមឈើមួយដើមនៅក្បែរនោះ។ គាត់នៅតែបន្តនិយាយពាក្យដដែលៗទៅកាន់ទេវតា។
អស់រយៈពេលជាច្រើននាទីមក គាត់នៅតែប្រឹងទប់ដង្ហើមរបស់គាត់កុំឲ្យវាដាច់រលត់ទៅ! វាហាក់ដូចជាគាត់កំពុងលេងទាញព្រ័ត្រ ដល់ដំណាក់កាលរៀបនឹងឈ្នះចាញ់អញ្ចឹង។ គាត់មិនប្រាកដថាគាត់នឹងឈ្នះទេ ហើយក៏មិនដឹងថាទេវតានឹងអាណិតគាត់ដែរ! 
មិនយូរប៉ុន្មាន គាត់ហាក់ដូចជាទទួលបានចម្លើយពីទេវតាវិញ ហើយសំណាងល្អណាស់​វាជាចម្លើយវិជ្ជមាន! ចង្វាក់បេះដូងគាត់លោតយឺតជាងមុន ហើយគាត់អាចគ្រប់គ្រងដង្ហើមទ្បើងវិញ។
“អរគុណ ទេវតា! ខ្ញុំដឹងថាអ្នកតែងតែល្អជាមួយខ្ញុំជានិច្ច។” គាត់និយាយផង ញញឹមផង។
ការប្រកួតបាល់ទាត់របស់មិត្តពូប៊ុនលី ក៏បានបញ្ចប់ដែរ ហើយពួកគេបានដើរមករកគាត់។ “យើងចាញ់។” មិត្តម្នាក់និយាយ។ “សុំទោសផងពួកម៉ាក ថ្ងៃនេះខ្ញុំមិនបានជួយអីទេ។” ពូប៊ុនលីតបវិញ។
ពូប៊ុនលី បានត្រលប់មកដល់ផ្ទះវិញ ហើយអ្វីដែលគាត់ធ្វើមុនគេគឺអោបប្រពន្ធនិងកូនប្រុស។ 
“ឯងច្បាស់ជាលេងបាល់ឈ្នះហើយថ្ងៃនេះ បានជាសប្បាយចិត្តយ៉ាងនេះ។”
“ត្រូវហើយ! ប៉ាទើបតែលេងឈ្នះការប្រកួតដ៏ធំជាងគេបង្អស់ក្នុងជីវិតប៉ា។” គាត់និយាយដោយមើលមុខកូនប្រុសគាត់។
ហេតុការណ៍មួយនេះបានធ្វើឲ្យពូប៊ុនលី យល់ពីអារម្មណ៍មនុស្សពេលជិតផុតដង្ហើម និងយល់ពីសារៈសំខាន់នៃការបានត្រលប់មករស់ទ្បើងវិញ។ គ្មានអ្វីអាចយកមកដោះដូរ នៅពេលមនុស្សកំពុងស្ថិតក្នុងស្ថានភាពចរចារជាមួយទេវតាឬយមរាជ ឲ្យទុកដង្ហើមឲ្យខ្លួន។ ចាប់ពីពេលនោះមក ពូប៊ុនលី ប្រឹងប្រែងថែរក្សាដង្ហើមខ្លួនឲ្យស្ងប់ ដោយមិនបណ្តោយឲ្យវាខុសប្រក្រតី ដូចជាលោតញាប់ នៅពេលខឹងឬសប្បាយ ជាមួយមនុស្ស ការងារ និងវត្ថុទាំងអស់ មិនថាល្អឬអាក្រក់ទ្បើយ៕

Comments

Popular posts from this blog

ទិដ្ឋភាពនឹកស្មានមិនដល់!

ម៉ោង៥ទាបភ្លឺ មេឃនៅងងឹតនៅទ្បើយ។ ពូប៊ុនលី ភ្ញាក់ពីដំណេកនៅពេលនាទ្បិការោទ៍។ គាត់ប្រះខ្នងដេកទៅវិញ ដោយគាត់ដូចជានៅងងុយនៅទ្បើយ។  “ផាំង!” សំទ្បេងលាន់ឮខ្លាំងអមដោយពន្លឺចែងចាំងមួយប៉ប្រិចភ្នែក បានធ្វើឲ្យគាត់លោតចុះពីលើគ្រែ រួចរត់សំដៅបង្អួច។ “អូ! សំទ្បេងផ្គរ និងពន្លឺផ្លេកបន្ទោរទេតើ! ភ្លៀង!” គាត់ស្រែកហាក់ដូចជាភ្ញាក់ផ្អើល។ “តើខ្ញុំចេញទៅរត់ហាត់ប្រាណយ៉ាងម៉េចហ្នឹងកើតទៅ?” ពូប៊ុនលី កំពុងសម្រាកលំហែកាយនៅមាត់សមុទ្រ ហើយមានគម្រោងរត់ហាត់ប្រាណនៅតាមឆ្នេរនៅពេលព្រលឹមស្រាងៗ។ វាគឺជាសកម្មភាពដែលគាត់ចូលចិត្តបំផុត ហើយមិនអាចខកខានបាន។ “អញ្ចឹងមានន័យថាខ្ញុំមិនអាចរត់បាន?” គាត់សួរខ្លួនឯង។ “ចុះបើខ្ញុំរត់ ខ្ញុំពិតជាទទឹកខ្លួនជោក ហើយទូរស័ព្ទក៏អាចខូច ព្រោះខ្ញុំតែងស្តាប់ចម្រៀងពេលរត់។ ស្រួលមិនស្រួលអាចរន្ទះបាញ់ទៀតក៏មិនដឹង!” គាត់ដើរទៅដើរមករអ៊ូតែម្នាក់ឯង។ ពីរបីនាទីក្រោយមក គាត់ទំនងជាមានដំណោះស្រោយ។ គាត់ពាក់អាវភ្លៀងដែលគ្របពីក្បាលរហូតដល់ជង្គង់។ គាត់ដូរស្បែកជើងកីទ្បាជាទីស្រទ្បាញ់របស់គាត់ ទៅពាក់ស្បែកជើងផ្ទាត់ ដែលអាចដោះចោលនៅឆ្នេរខ្សាច់ ហើយរត់ជើងទទេ។ គាត់ក៏កំណត់ទូរស័ព្ទដាក់ “Fly Mode” ដើម្បីកុំឲ្យមានសេវា ដែលអាចស្រូបរន្ទះ ហើយគាត់ក៏...

អាណិតគេច្រើនពេក អាចធ្វើឲ្យខ្លូនមានទុក្ខ! ផ្តល់ករុណាឲ្យគេវិញ ទើបនាំមកនូវសេចក្តីសុខ!

កន្លែងធ្វើការងារមួយចំនួនបានបិទទ្វារ បុគ្គលិកបាត់បង់ប្រាក់ចំណូល។ ចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ ១៩មក  ខ្ញុំបានធ្វើដំណើរទៅច្រើនកន្លែងនៅក្នុងប្រទេស។ ទោះជាប្រទេស កម្ពុជាពុំមានការឆ្លងនៅក្នុងសហគមន៍ និងពុំមានមនុស្សស្លាប់ដោយសារជំងឺនេះក្តី ក៏យើងឃើញយ៉ាងច្បាស់នូវផលប៉ះពាល់របស់វាមកលើជីវភាពប្រជាពលរដ្ឋ។  ចំណូលរបស់ពួកគាត់ធ្លាក់ចុះ ឬបាត់បង់ដោយសារមុខរបរទទួលទានលែងមានដំណើរការ និងកន្លែងការងារត្រូវបានបិទទ្វារ។ ថវិកាសម្រាប់ជួលផ្ទះ ឬផ្គត់ផ្គង់ម្ហូបអាហារ ថ្នាំសង្កូវនៅពេលឈឺថ្កាត់ មានកាន់ តែតិចទៅៗ ហើយសមាជិកគ្រួសារនីមួយៗ ជាពិសេសកូនៗរបស់ពួកគាត់ ត្រូវរស់នៅយ៉ាងរឹតត្បិត។ ពួកគាត់មិនអាចស្ថិតនៅក្នុងស្ថានភាពបែបនេះបានយូរទៀតបានទេ!  ទាំងអស់នេះគឺជាសម្តីរបស់ប្រជាពលរដ្ឋមួយចំនួនដែលខ្ញុំបានជួបសន្ទនានៅតាមបណ្តាខេត្ត / ក្រុងមួយចំនួនកន្លងមក។ ការគិតពីសុខទុក្ខរបស់ពួកគាត់ជាពិសេសកូនៗគាត់ និងមនុស្សចាស់ បានធ្វើឲ្យខ្ញុំពិបាកចិត្តយ៉ាងខ្លាំង។ ខ្ញុំបារម្ភពីរឿងមួយទៅរឿងមួយទៀត មិនអស់មិនហើយ ដែលធ្វើឲ្យចិត្តខ្ញុំកាន់តែស្មុគ្រស្មាញ លែងសប្បាយចិត្ត និងមានអារម្មណ៍នឿយណាយ។ ទុក្ខព្រួយ និងភាពនឿយហត់ចិត្តរបស់ខ្ញុំនេះ បើតាមអ្នកស្រាវជ្រាវផ្ន...

Too much empathy for others could lead to despair. Compassion is the answer!

Some workplaces closed their doors and staff lost their income. Since Covid-19 pandemic started, I have travelled to many places in the countries. I have talked to some people about their livelihoods. Although Cambodia has not experienced community transmission of the disease, it is obvious to witness economical impacts on people’s lives. Their income is decreased or taken away when their businesses go slower, and their workplaces are closed. This means less money for rent, food and medical care. Each family member in particular children needs to limit their basic needs. They could be in such a situation for longer!  Those were the words I heard during my conversations with them. Thinking about their wellbeings afterwards makes me overwhelmed. I kept worrying about from one thing to another, especially about affected children and elders, which made me sad and exhausted. My sadness and exhaustion, according to neuroscientists and psychologists, could be an “empathy fatigue”. It is m...